ខានទឹកគ្រឿងយូរ
December 15, 2009By Amra
គិតទៅក្រពះខ្ញុំមិនខុសពីក្រពះគោទើបនឹងស៊ីស្មៅខ្ចីឡើយ ។ អាណិតប្រពន្ធដែរ គ្នារវល់ណាស់ ចេញពីធ្វើការឆ្លៀត ទៅរៀនពេលល្ងាចទៀត។ ប្រពន្ធខំទិញបន្លែបន្លុក ដាំបាយ ធ្វើទឹកគ្រឿង រួចស្រែកប្រាប់ថា “បងម្ហូបរួហើយ ឆ្ងាញ់ឬមិនឆ្ងាញ់ប្រាប់ផង ពេលខ្ញុំមកពីរៀនវិញ “។ ងាប់លឿនដូចព្យុះ គេឆក់កូនសោរបើកឡានប្រុយទៅរៀនបាត់។
គិតអីទៀត ឆ្លិនឆ្ងុយយ៉ាងនេះ ប្រហែលជាដាក់ប្រហុកបន្តិចផង។ ខ្ញុំក៏ហៅកូនមក ញ៉ាំជាមួយដែរ តែគេថា ឆ្អែតបាយពីសាលាហើយ ហើយបែរជាលេងកុំព្យូទ័រជាជាងញ៉ាំបាយទៅវិញ។ ហឺណាស់ហើយ ញ៉ាំម្នាក់ឯងទៅ។ អធិស្ឋាន ផុតពីមាត់ភ្លាម ខ្ញុំពួយយ៉ាងអស់ដៃតែម្ដង។ ”យ៉ី គ្រាន់បើ ញ៉ាំឆ្អែតមិនទាន់ខ្ញុំបើក TV មើលទៀត អីក៏រវល់ម្ល៉េះ”, ខ្ញុំនិយាយក្នុងចិត្ត។
មិនយ៉ូប៉ុន្មាន ពោះខ្ញុំអោយសម្លេង “ក្រូក “ ហើយ៥នាទីក្រោយមក ខ្ញុំរត់ទៅបង្គន់ភ្លាម។
ឱក្រពះអើយ នេះបានចំជាបាយឆ្ងាញ់បាញ់ឆ្ងាយមែន ពេលប្រពន្ធមកវិញ គេសួរ តើអោយខ្ញុំឆ្លើយយ៉ាងណា? មិត្តអើយសូមជួយប្រាប់ផង!