Blog
You are browsing the archive for Funny Story រឿងកំប្លែងខ្លីៗ.
December 20, 2009
By Svay Keang
មានរឿងមួយគេបាននិយាយថា មានបុរសបីនាក់ដើរឆ្លងពីភូមិមួយទៅភូមិមួយទៀតនៅពេលយប់ នៅពេលកំពុងតែដើរស្រាប់តែបុរស់ម្នាក់ស្រែកឡើងថាអូយពស់ចឹកខ្ញុំហើយ បុរសនេះក៏ដួលប្រូសដល់ដី ហើយដកដង្ហើមស្ទើតែមិនរួច។ បុរសពីរនាក់ទៀតខំម្នីម្នាគ្រាគាត់ចូលទៅក្នុងភូមិ ហើយរកភ្លើងមកមើល។ ក្រោយពីពិនិត្យមើលហើយគ្មានឃើញឈាមឬស្នាមចង្កូមពស់សោះ គេរកឃើញតែក្រហមជាំមួយកន្លែងនៅជើងរបស់គាត់។ សំឡាញ់ម្នាក់ និយាយថាមិនអីទេដេកទៅ ព្រោះពស់ដែលចឹកនេះគ្មានពិសទេ ស្អែកឡើងគេនាំគ្នាទៅពិនិត្យមើល កន្លែងដែលកើតហេតុនោះ តែគេឆ្ងល់ណាស់ដោយរកហេតុផលមិនឃើញស្នាមពស់វាក៏មិនមាន ឃើញមានតែសំបក ដូងក្រៀមមួយជ្រុងនៅទីនោះ ក្រោយពីគេពិនិត្យមើល ដិតដល់ទៅ ទើបគេដឹងថាគាត់ជាន់លើសំបកដូងក្រៀមសោះ។
Posted in Funny Story រឿងកំប្លែងខ្លីៗ, STORY រឿង | No Comments »
December 20, 2009
មានអ្នកសេដ្ឋីម្នាក់គាត់មានប្រាក់យ៉ាងច្រើន ហើយគាត់ចង់យកលុយខ្លះទៅជាមួយនៅពេលដែលគាត់ស្លាប់ ប៉ុន្តែគាត់មិនអាចទុកចិត្តដល់កូនៗរបស់គាត់បានទេ។ ដូច្នេះ គាត់ក៏ហៅអ្នកបម្រើព្រះបីនាក់មកជួបជាមួយម្នាក់ជាសង្ឃកាតូលិក ម្នាក់ជាអាចារ្យខាងសាសនាយូដា ហើយម្នាក់ទៀតជាគ្រូគង្វាលខាងបាពទីស្ទ។
នៅពេលដែលអ្នកទាំងបីនេះមកជួបគាត់ គាត់ក៏បានពន្យល់ថា នៅពេលដែលខ្ញុំស្លាប់ទៅ ខ្ញុំចង់ឲ្យលោកទាំងបីដាក់លុយដែលខ្ញុំប្រគល់ឲ្យទាំងប៉ុន្មាន ទៅក្នុងមឈូសរបស់ខ្ញុំ ដោយព្រោះខ្ញុំមិនអាចទុកចិត្តនឹងកូនរបស់ខ្ញុំទាំងនោះទេ។ អ្នកទាំងបីអ្នកនេះបានយល់ព្រមថា គេនឹងធ្វើតាមបណ្ដាំរបស់អ្នកមាននេះ គេនឹងដាក់លុយគ្រប់ចំនួនទៅក្នុងមឈូសរបស់អ្នកមាននេះ អ្នកមាននោះក៏ប្រគល់ឲ្យគេម្នាក់ចំនួន១លានសម្រាប់ដាក់ក្នុងមឈូសគាត់។
ក្រោយមកអ្នកមាននេះក៏ស្លាប់ទៅ នៅថ្ងៃដែលបញ្ចុះសពគាត់ គេឃើញអ្នកបម្រើព្រះទាំងបីនាក់នេះ ដាក់ស្រោមសំបុត្រមួយម្នាក់ទៅក្នុងមឈូសរបស់អ្នកមាននោះ។
បន្ទាប់ពីការបញ្ចុះសពរួច គេក៏នាំគ្នាទៅទទួលភេសជ្ជនៅផ្ទះរបស់អ្នកមាននោះ អ្នកបម្រើព្រះទាំងបីនាក់នោះជំុគ្នា ហើយលោកសង្ឃកាតូលិកក៏និយាយថា ”ខ្ញុំមានការលន់តួមួយជាមួយអ្នកទាំងពីរ បច្ចុប្បន្ននេះ វិហារយើងកំពុងមានការខ្វះខាត ហើយដំបូលព្រះវិហារក៏ត្រូវការជួសជុល ដូច្នេះខ្ញុំដកលុយខ្លះដើម្បីជួស ជុលដំបូលព្រះវិហារ ហេតុនេះខ្ញុំដាក់លុយទៅក្នុងមឈូសបានតែ$៩០០,០០០”។
លោកដែលជាអាចារ្យខាងសាសនាយូដាក៏និយាយថា ”ខ្ញុំក៏មានការលន់តួដែរ ព្រះវិហារយើងក៏មានការខ្វះខាត ហើយឥឡូវនេះម៉ាសីុនកំដៅយើងក៏ត្រូវខូច រួចមានសេចក្ដីត្រូវការជាច្រើនទៀតដែរ ហេតុនេះខ្ញុំដាក់លុយទៅក្នុងមឈូសបានតែ$៩៥០,០០០”។
លោកគ្រូគង្វាលខាងបាពទីស្ទ គាត់ខឹងជាខ្លាំងក៏ទះតុផាំង រួចនិយាយទៅអ្នកទាំងពីរនោះថា ”អ្នកឯងទាំងពីរនាក់ជាអ្នកបម្រើព្រះដែលគេទុកចិត្ត គេជឿថាអ្នកឯងនឹងធ្វើតាមបណ្ដាំគេ តែបែរជាធ្វើយ៉ាងនេះទៅវិញមើលខ្ញុំមានសេចក្ដីត្រូវការជាច្រើនដូចអ្នកឯងទាំងពីរនាក់ដែរ ប៉ុន្ដែខ្ញុំមិនធ្វើរបៀបនេះទេ ខ្ញុំបានសរសេរសែកcheckមួយគ្រប់ចំនួន$១,០០០,០០០ ហើយដាក់ទៅក្នុងមឈូសនោះមិនឲ្យខ្វះឡើយ។
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ | 2 Comments »
December 20, 2009
មានបុរសម្នាក់កំពុងជួសជុលគំនូររបស់លោក ម៉ែកកើល អែនជើឡូ នៅលើពិដានព្រះវិហារកាតូលិកនៅវ៉ាទីកង់ ឱកាសដែលគាត់កំពុងតែជួសជុលនោះ មានស្រីម្នាក់ចូលមកក្នុងព្រះវិហារ ហើយលុតជង្គង់ចុះនៅពីក្រោមបុរសនោះក៏អធិស្ឋាន ដោយមិនដឹងថាបុរសនេះកំពុងតែធ្វើការនៅខាងលើទេ។ បុរសនេះគាត់គិតគាត់នឹងលេងសើចជាមួយនឹងអ្នកកំពុងអធិស្ឋាននេះ។
គាត់ក៏បន្លឺសម្លេងមកក្រោមថា”សួស្ដីអ្នកនៅខាងក្រោម” ស្រ្ដីនេះមិនឆ្លើយក៏ចេះតែអធិស្ឋានតទៅទៀតបុរសនេះក៏បន្លឺសម្លេងម្ដងទៀតខ្លាំងជាងមុន “សួស្ដីអ្នកនៅខាងក្រោម” ស្រ្ដីនេះនៅតែមិនឆ្លើយក៏ចេះតែអធិស្ឋានតទៅទៀត។
ទីបំផុតបុរសនោះក៏តម្លើងសម្លេងខ្លាំងជាងមុនថា ”សួស្ដីអ្នកនៅខាងក្រោម ខ្ញុំជាព្រះយេស៊ូវ” ស្រ្ដីនេះអត់មិនបានក៏ឆ្លើយទៅគាត់វិញថា ”សូមឲ្យស្ងាត់បន្តិចទៅមើល ខ្ញុំកំពុងតែនិយាយជាមួយនឹងម្ដាយអ្នកឯង”។
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ | 2 Comments »
December 20, 2009
មានបុរសម្នាក់គាត់ទូលសួរទៅព្រះថា ”ព្រះអង្គអើយ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រីមក ឲ្យមានរូបស្រស់ស្អាតមេ្ល៉ះ?” ព្រះអង្គឆ្លើយទៅគាត់វិញថា ”ដើម្បីឲ្យឯងស្រឡាញ់នាង”។
បុរសនោះក៏សួរទៀតថា ”ព្រះអង្គអើយ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រីមក ឲ្យមានសាច់ទន់ល្មើយមេ្ល៉ះ?” ព្រះអង្គក៏ឆ្លើយទៅគាត់វិញថា ”ដើម្បីឲ្យឯងស្រឡាញ់នាង”។
បុរសនោះក៏សួរទៀតថា ”ព្រះអង្គអើយ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រីមក ឲ្យមានភាពល្ងង់មេ្ល៉ះ?” ព្រះអង្គក៏ឆ្លើយទៅគាត់វិញថា ”ដើម្បីឲ្យនាងស្រឡាញ់ឯង”។
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ | No Comments »
December 20, 2009
មានលោកយាយម្នាក់ទៅផ្សារ គាត់ត្រូវការក្រូចឆ្មារតែគាត់រកមិនឃើញ ហើយគាត់ថែមទាំងមិនចេះភាសាអង់គ្លេសថែមទៀត។ គាត់ក៏នឹកឃើញពាក្យខ្លះដែលគាត់ចេះ ក្រូចorangeឆ្មារcat គាត់ក៏ផ្គុំពាក្យទាំងពីរចូលគ្នា ក្រូចឆ្មាorange cat។
គាត់ក៏សួរទៅអ្នករៀបបន្លែថា do you have orange cat? អ្នករៀបបន្លែស្ដាប់មិនបាន ក៏ចេះតែឆ្លើយជាមួយគាត់ថា No។គាត់សួរពីរទៅបីដងហើយគេចេះតែឆ្លើយថា No គាត់ក៏ខឹងនឹងគេហើយដើររកក្រូចឆ្មារដោយខ្លួនឯង នៅពេលដែលគាត់រកឃើញក្រូចឆ្មារ គាត់ក៏ដើរទៅទាញដៃអ្នករៀបបន្លែឲ្យទៅមើល។គាត់ក៏ចង្អុលទៅក្រូចឆ្មារ ហើយប្រាប់ទៅអ្នករៀបបន្លែនោះទាំងខឹងថា you have orange cat and you say no no no។ អ្នករៀបបន្លែនោះមីងមាំង ពីព្រោះមិនយល់ជាយាយនិយាយពីអ្វី។
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ | No Comments »
December 19, 2009
មានបុរសម្នាក់ឈ្មោះ វិចិត្រ ដែលគាត់តែងតែទៅធ្វើការយឺតជារៀងរាល់ព្រឹក ហើយចៅហ្វាយរបស់គាត់ជាមនុស្សដែលពូកែរចាប់គាត់មែនទែន! ថ្ងៃមួយគាត់បានទៅធ្វើការយឺតដូចសព្វមួយដង ហើយចៅហ្វាយរបស់កាត់កំពុងតែឈរនៅនឹងមាត់ទ្វារដើម្បីស្វាគមន៍ចំពោះការមកយឺតរបស់គាត់
ចៅហ្វាយៈ មើលថ្ងៃនេះឯងមានអ្វីដែលត្រូវដោះសារទេ?
វិចិត្រៈ អូសូមទោសលោកចៅហ្វាយ ខ្ញុំមិនចង់ដោះសារអីទេ ក៏ប៉ុន្តែ ខ្ញុំបានព្យាយាមអស់ពីចិត្តហើយ។
ចៅហ្វាយៈ ឯងថាព្យាយាមហ្នឹងពីអង្កាល់? មើលប្រាប់ខ្ញុំពីហេតុផលសមរម្យដើម្បីអោយខ្ញុំជឿមក…
វិចិត្រៈ បាទលោក រឿងរ៉ាវវាបែបនេះ តាមពិតទៅខ្ញុំត្រូវមកធ្វើការទាន់ម៉ោងហើយ តែខ្ញុំត្រូវរង់ចាំប្រពន្ធរបស់ខ្ញុំរៀបចំខ្លួន១០នាទី បន្ទាប់មក គាត់ក៏សុំខ្ញុំបើកឡាន តែផ្លូវហ្នឹងវាស្ទះនៅត្រង់ម្ដុំស្ពាន ខ្ញុំខ្លាចយឺតក៏បើកទ្វារលោតចេញពីឡាន ហើយទំលាក់ខ្លួនចុះពីស្ពានទៅក្នុងទឹក ហើយខំហែលមកដល់ច្រាំង តែខ្ញុំខំហែលពេកក៏អស់កម្លាំង ពេលនោះមានកន្ទុំរុយហើរមកយកខ្ញុំទៅ ហើយដាក់នៅលើអាគារការិយាល័យ បន្ទាប់មកខ្ញុំខំចុះតាមជណ្ដើរពីជាន់ទី៤០ មកដល់ជាន់ទី៥ ពេលមកដល់ខ្ញុំក៏ជួបលោកតែម្ដង…
ចៅហ្វាយៈ វាមិនដែល
វិចិត្រៈ នេះខ្ញុំនិយាយជាការពិត
ចៅហ្វាយៈ ខ្ញុំមិនជឿឯងទេ មិនដែលស្រីៗឯណារៀបចំខ្លួន១០នាទីហើយនោះ!
Posted in Funny Story រឿងកំប្លែងខ្លីៗ | No Comments »
December 17, 2009
មានបុរស៣នាក់ដែលមួយជាព្យាការី មួយទៀតជាគ្រូគង្វាល និងម្នាក់ទៀតជាអ្នកផ្សាយដំណឹងល្អ។ ថ្ងៃមួយអ្នកទាំង៣សម្រេចចិត្តក្នុងការចេញទៅស្ទូចត្រី! សម្រេចចិត្តរួចហើយពួកគាត់ក៏បានចេញដំណើរទៅ។
ពួកគាត់ចុះទៅក្នុងទូកតូចមួយហើយក៏ចែវទៅកាន់កណ្ដាលបឹង ហើយក៏ចាប់ផ្ដើមដាក់សន្ទូចស្ទូចត្រី។ បានមួយសន្ទុះ ដោយសារតែថ្ងៃក្ដៅផង ស្រាប់តែបុរសម្នាក់ដែលជាព្យាការីក៏និយាយឡើងថា ខ្ញុំចង់ទៅទិញប៉ឹបស៊ី និយាយរួចហើយគាត់ក៏ដាក់ជើងគាត់ចេញក្រៅទូកហើយក៏ដើរលើទឹកទៅច្រាំង ដល់កន្លែងលក់ភេសជ្ជះ ទិញហើយក៏ដើរលើទឹកត្រឡប់មកវិញ។ អ្នកផ្សាយដំណឹងល្អមានការរំជួលចិត្តយ៉ាងខ្លាំង ហើយគិតក្នុងចិត្តថា ដោយគាត់ជាព្យាការី គាត់ពិតជាមានជំនឿខ្លាំងមែនដែលអាចដើរលើទឹកបាន។ បន្តិចក្រោយមកគ្រូគង្វាលក៏និយាយឡើងថា ខ្ញុំចង់ទិញកូកា! និយាយរួចហើយគាត់ចុះពីទូកហើយដើរលើទឹកទៅទិញកូកា។ ទិញរួចហើយគាត់ក៏ដើរមកទូកវិញ នោះរឹតតែធ្វើអោយអ្នកផ្សាយដំណឹងល្អកាន់តែ រំភើប និងមានការអស្ចារ្យ និងស្ងើចសរសើរទៅដល់ជំនឿរបស់គ្រូគង្វាល និងព្យាការីដែលអាចដើរលើទឹកបាន។ គិតហើយគាត់ក៏ចង់សាកល្បងនូវជំនឿរបស់គាត់ក្នុងការដើរលើទឹកគាត់ក៏សម្រេចចិត្តថា នឹងចុះពីទូកដើរលើទឹកដើម្បីទិញភេសជ្ជះដែរ។ គាត់ក៏ឈានជើងចុះពីទូកហើយក៏ដាក់ជើងលើទឹក គ្រាន់តែដាក់ចុះភ្លាមក៏ “ភ្លុង” លិចទៅ ក្នុងទឹកបាត់។
គ្រូគង្វាល និងព្យាការីក៏និយាយគ្នាថា “តើយើងគួរតែប្រាប់គាត់ថាដុំថ្មនៅកន្លែងណាទេ?”
Posted in Funny Story រឿងកំប្លែងខ្លីៗ | No Comments »
December 15, 2009
ប្តីប្រពន្ទទើបនិងរៀបការថ្មីៗមួយគូរ និយាយគ្នាពេលផ្សំដំណេក
ប្តី : តើអូនធ្លាប់មានសង្សារទេ មុនពេលអូនរៀបការជាមួយបង?
ប្រពន្ធ : នៅស្ងៀម
ប្តី : តើអូនធ្លាប់មានសង្សារទេ មុនពេលអូនរៀបការជាមួយបង?
ប្រពន្ធ : នៅស្ងៀម
ប្តី : តើអូនធ្លាប់មានសង្សារទេ មុនពេលអូនរៀបការជាមួយបង? ហេតុអ្វីអូនមិនឆ្លើយ?
ប្រពន្ធ : ហ៊ីយ អូនឡប់អស់ហើយបើបងឯងចេះតែសួរអញ្ចឹង អូនកុំពុងតែរាប់
(A friend sent this story to us)
Posted in Funny Story រឿងកំប្លែងខ្លីៗ, STORY រឿង | No Comments »
December 15, 2009
by Pisit
តាប៉ែន ធ្វើដំណើរទៅរកទិញមាន់គកមួយក្បាល ត្បិតអីគាត់មានចិញ្ចឹមមាន់មេរាប់រយក្បាល ដែលមិនមានមាន់គកជាន់ ដើម្បីបង្កើតកូនឲ្យបានច្រើនបម្រើសេចក្ដីត្រូវការលក់ដូររបស់គាត់។ ខណះពេលទៅដល់កន្លែងលក់មាន់…
តាប៉ែនៈ ខ្ញុំចង់ទិញមាន់គកមួយ តែចង់បានអាណាពូកែជាន់មេ ព្រោះខ្ញុំមានមេមាន់ជាច្រើនរយក្បាល
អ្នកលក់មាន់ៈ ចំម៉ាច់ អត់ខុសទេល្បង…! អាគកមួយក្បាលនេះ ខ្លាំងអស្ចារ្យតែម្ដង វាជាន់មេប៉ុន្មានក៏បាន…ប៉ុន្តែវាគ្រាន់តែមានតម្លៃថ្លៃបន្តិច។
ឮបែបនេះចំសេចក្ដីត្រូវការរបស់តាប៉ែនតែម្ដង
តាប៉ែនៈ ចុះ…វាមានតម្លៃប៉ុន្មានទៅ…?
អ្នកលក់មាន់ៈ ១៥ ម៉ឺនរៀល
អីក៏ថ្លៃម្លេះ ដល់ទៅ ១៥ម៉ឺនរៀល (តាប៉ែននឹកក្នុងចិត្ត)។ ប៉ុន្តែវាបែបនេះក៏ដោយគាត់នៅតែសម្រេចចិត្តទិញវាទាំងស្ទាក់ស្ទើរ។ យកមកដល់ផ្ទះភ្លាម តាប៉ែនព្រលែងវាចូលទ្រុងមេមាន់ ហើយគាត់និយាយថា
តាប៉ែនៈ នែអាគក…! តាមសម្រួលវ៉ើយ មួយៗកុំបង្ខំ ប្រយត្ន័បាក់កម្លាំងងាប់ខានចាស់…
អាគកដូចជាយល់នូវអ្វីដែលតាប៉ែននិយាយ។ ប៉ុន្តែវាមិនខ្វល់ដែរ គ្រាន់តែព្រលែងភ្លាម អាំគកចាប់ផ្ដើមដេញចាប់ជាន់មេផ្អើលពេញទ្រុងដូចខ្លាអត់ចំណី១ខែអញ្ចឹង។ មេមាន់១ក្បាលវាជាន់បីដងយ៉ាងតិច។ ជាន់មេមាន់អស់ហើយ វាចាប់ផ្ដើមជាន់មេទាមួយទ្រុងទៀត។ អស់ពីទា វាជាន់ដល់ក្ងានហាក់ដូចជាមិនអស់ចិត្ត វាដេញជាន់ក្ងោកមួយក្បាល រហូតដល់ព្រាបទៀត។ ព្រឹកឡើង តាប៉ែនគិតមិនខុសមែន អាគកដេកស្ដូកកណ្ដាលវាស្រែមុខផ្ទះ ហើយមានត្មាតមួយហ្វូង ហើឆ្វែល ចង់ចុះមកស៊ីសាច់អាគក។ ឃើញដូចនេះតាប៉ែនក៏ដើរទៅក្បែរ ហើយនិយាយថាៈ
តាប៉ែនៈ អញប្រាប់ហើយមិនជឿ ថាឲ្យចេះប្រមាណកម្លាំងខ្លួនឯង ជាន់នេះជាន់ ឥឡូវងាប់បាត់ ខាតអស់ទាំងលុយអញជាង១០ម៉ឺនទៀត ទើបតែបាន១យប់សោះ។
រំពេចនោះ ស្រាប់តែអាគកបើកភ្នែកក្រឡង់ស្ដីមកតាប៉ែនវិញ។
អាគកៈ មាត់តិចៗ ប្រយត្ន័ផ្អើលពួកត្មាតកំពុងហើរឆ្វែលខាងលើ ទុកឲ្យវាមកចុះ ខ្ញុំចង់សាកត្មាតម្ដង…
តាប៉ែនៈ …….???
រៀនពាក្យៈ
- អាគក Rooster
- ជាន់មេ mating
- ស្ទាក់ស្ទើរ hesitate
- ព្រលែង let go
- ទ្រុងមេមាន់ chicken house
- តាមសម្រួល take it easy
- បាក់កម្លាំង strength less
- មិនខ្វល់ does not care
- មេទា duck
- ក្ងាន swan
- មិនអស់ចិត្ត not satisfy
- ក្ងោក peacock
- ព្រាប pigeon
- ដេកស្ដូក lay down flat
- វាលស្រែ rice field
- ត្មាត vulture
- ហើរឆ្វែល flying round and round
- សាក taste
Posted in Funny Story រឿងកំប្លែងខ្លីៗ, STORY រឿង | No Comments »
December 15, 2009
មានរឿងប្រឌិតមួយបាននិយាយថា នៅក្នុងនគរស្ថានសួគ៌ មានការតម្រូវឲ្យគ្រូគង្វាលទាំងអស់ ដែលបម្រុងខ្លួនចូលទៅនគរស្ថានសួគ៌តម្រង់ជាពីរជួរ មុនពេលដែលចូលទៅក្នុងស្ថានសួគ៌ ។ ជួរខាងស្ដាំមានផ្លាកសរសេរថា “ខ្លាចប្រពន្ធ” ហើយជួរខាងឆ្វេងមានផ្លាកសរសេរថា “មិនខ្លាចប្រពន្ធ” ។
ដូច្នេះនៅពេលនោះ ជួរខាងស្ដាំដែលមានផ្លាកសរសេរថា “ខ្លាចប្រពន្ធ” មានគ្រូគង្វាលជាច្រើនឈរតជាជួរ ចំណែកឯជួរខាងឆ្វេងមានផ្លាកសរសេរថា “មិនខ្លាចប្រពន្ធ” វិញ មានគ្រូគង្វាលតែម្នាក់បុ៉ណ្ណោះ ។ ដូច្នេះព្រះយេសូ៊វក៏សួរទៅគ្រូគង្វាលឈរម្នាក់នោះថា “ដូច្នេះមានតែឯងម្នាក់ប៉ុណ្ណោះឬដែលឥតខ្លាចប្រពន្ធ?” គាត់ក៏ឆ្លើយទៅព្រះអង្គវិញថា “ព្រះករុណាថ្លៃវិសេស ទូលបង្គំឥតខ្លាចប្រពន្ធទូលបង្គំទេ តែប្រពន្ធទូលបង្គំប្រើទូលបង្គំឲ្យមកឈរខាងជួរនេះ” ។
លោកអ្នកវិភាគចុះរឿងនេះ ខ្លាចប្រពន្ធមិនខ្លាច?
ដោយ ម៉ានិកឹម រ៉ាដា
Posted in Funny Story រឿងកំប្លែងខ្លីៗ, STORY រឿង | No Comments »