Blog

You are browsing the archive for STORY រឿង.

ពស់សំបកដូង​ Coconut Snake

December 20, 2009

By Svay Keang

មានរឿងមួយគេបាននិយាយថា មានបុរសបីនាក់ដើរឆ្លងពីភូមិមួយទៅភូមិមួយទៀតនៅពេលយប់ នៅពេលកំពុងតែដើរស្រាប់តែបុរស់ម្នាក់ស្រែកឡើងថាអូយពស់ចឹកខ្ញុំហើយ បុរសនេះក៏ដួលប្រូសដល់ដី ហើយដកដង្ហើមស្ទើតែមិនរួច។ បុរសពីរនាក់ទៀតខំម្នីម្នាគ្រាគាត់ចូលទៅក្នុងភូមិ ហើយរកភ្លើងមកមើល។ ក្រោយពីពិនិត្យមើលហើយគ្មានឃើញឈាមឬស្នាមចង្កូមពស់សោះ​ គេរកឃើញតែក្រហមជាំមួយកន្លែងនៅជើងរបស់គាត់។​​ សំឡាញ់ម្នាក់ និយាយថាមិនអីទេដេកទៅ ព្រោះពស់ដែលចឹកនេះគ្មានពិសទេ ស្អែកឡើងគេនាំគ្នាទៅពិនិត្យមើល កន្លែងដែលកើតហេតុនោះ តែគេឆ្ងល់ណាស់ដោយរកហេតុផលមិនឃើញស្នាមពស់វាក៏មិនមាន ឃើញមានតែសំបក ដូងក្រៀមមួយជ្រុងនៅទីនោះ ក្រោយពីគេពិនិត្យមើល ដិតដល់ទៅ ទើបគេដឹងថាគាត់ជាន់លើសំបកដូងក្រៀមសោះ។

អ្នកស្មោះត្រង់?/Righteous one

December 20, 2009

មានអ្នកសេដ្ឋីម្នាក់គាត់មានប្រាក់យ៉ាងច្រើន ហើយគាត់ចង់យកលុយខ្លះទៅជាមួយនៅពេលដែលគាត់​​​ស្លាប់ ប៉ុន្តែគាត់មិនអាចទុកចិត្តដល់កូនៗរបស់គាត់បានទេ។ ដូច្នេះ គាត់ក៏ហៅអ្នកបម្រើព្រះបីនាក់មកជួបជាមួយ​​​ម្នាក់ជាសង្ឃកាតូលិក ម្នាក់ជាអាចារ្យខាងសាសនាយូដា ហើយម្នាក់ទៀតជាគ្រូគង្វាលខាងបាព​​​ទីស្ទ។

នៅពេលដែលអ្នកទាំងបីនេះមកជួបគាត់ គាត់ក៏បានពន្យល់ថា នៅពេលដែលខ្ញុំស្លាប់ទៅ ខ្ញុំចង់ឲ្យលោកទាំងបី​​​ដាក់លុយដែលខ្ញុំប្រគល់ឲ្យទាំងប៉ុន្មាន ទៅក្នុងមឈូសរបស់ខ្ញុំ ដោយព្រោះខ្ញុំមិនអាចទុកចិត្តនឹងកូន​​​របស់ខ្ញុំ​​​ទាំងនោះទេ។ អ្នកទាំងបីអ្នកនេះបានយល់ព្រមថា​​ គេនឹងធ្វើតាមបណ្ដាំរបស់អ្នកមាននេះ គេនឹង​​​ដាក់លុយគ្រប់ចំនួនទៅក្នុងមឈូសរបស់អ្នកមាននេះ អ្នកមាននោះក៏ប្រគល់ឲ្យគេម្នាក់ចំនួន១លាន​​​សម្រាប់ដាក់ក្នុងមឈូសគាត់។

ក្រោយមកអ្នកមាននេះក៏ស្លាប់ទៅ នៅថ្ងៃដែលបញ្ចុះសពគាត់ គេឃើញអ្នកបម្រើព្រះទាំងបីនាក់នេះ ដាក់ស្រោមសំបុត្រមួយម្នាក់ទៅក្នុងមឈូសរបស់អ្នកមាននោះ។

បន្ទាប់ពីការបញ្ចុះសពរួច គេក៏នាំគ្នាទៅទទួលភេសជ្ជនៅផ្ទះរបស់អ្នកមាននោះ អ្នកបម្រើព្រះទាំងបីនាក់​​​នោះជំុគ្នា ហើយលោកសង្ឃកាតូលិកក៏និយាយថា ”ខ្ញុំមានការលន់តួមួយជាមួយអ្នកទាំងពីរ បច្ចុប្បន្ននេះ វិហារយើងកំពុងមានការខ្វះខាត ហើយដំបូលព្រះវិហារក៏ត្រូវការជួសជុល ដូច្នេះខ្ញុំដកលុយខ្លះដើម្បីជួស ជុលដំបូលព្រះវិហារ ហេតុនេះខ្ញុំដាក់លុយទៅក្នុងមឈូសបានតែ$៩០០,០០០”។

លោកដែលជាអាចារ្យខាងសាសនាយូដាក៏និយាយថា ”ខ្ញុំក៏មានការលន់តួដែរ ព្រះវិហារយើងក៏មានការខ្វះខាត ហើយឥឡូវនេះម៉ាសីុនកំដៅយើងក៏ត្រូវខូច រួចមានសេចក្ដីត្រូវការជាច្រើនទៀតដែរ ហេតុនេះខ្ញុំដាក់​​​លុយទៅក្នុងមឈូសបានតែ$៩៥០,០០០”។

លោកគ្រូគង្វាលខាងបាពទីស្ទ គាត់ខឹងជាខ្លាំងក៏ទះតុផាំង រួចនិយាយទៅអ្នកទាំងពីរនោះថា ”អ្នកឯងទាំង​​​ពីរនាក់ជាអ្នកបម្រើព្រះដែលគេទុកចិត្ត គេជឿថាអ្នកឯងនឹងធ្វើតាមបណ្ដាំគេ តែបែរជាធ្វើយ៉ាងនេះទៅវិញ​​​មើលខ្ញុំមានសេចក្ដីត្រូវការជាច្រើនដូចអ្នកឯងទាំងពីរនាក់ដែរ ប៉ុន្ដែខ្ញុំមិនធ្វើរបៀបនេះទេ ខ្ញុំបានសរសេរសែកcheckមួយគ្រប់ចំនួន$១,០០០,០០០ ហើយដាក់ទៅក្នុងមឈូសនោះមិនឲ្យខ្វះឡើយ។

ដោយ ម៉ានិកឹម រ៉ាដា

ខ្ញុំជាព្រះយេស៊ូវ?/I am Jesus

December 20, 2009

មានបុរសម្នាក់កំពុងជួសជុលគំនូររបស់លោក ម៉ែកកើល អែនជើឡូ នៅលើពិដានព្រះវិហារកាតូលិកនៅវ៉ាទីកង់ ឱកាសដែលគាត់កំពុងតែជួសជុល​នោះ មានស្រីម្នាក់ចូលមកក្នុងព្រះវិហារ ហើយលុតជង្គង់ចុះនៅពីក្រោមបុរសនោះក៏អធិស្ឋាន​​ ដោយមិនដឹងថាបុរសនេះកំពុងតែធ្វើការនៅខាងលើទេ។ បុរសនេះគាត់គិត​​​គាត់នឹងលេងសើចជាមួយនឹងអ្នកកំពុងអធិស្ឋាននេះ។

គាត់ក៏បន្លឺសម្លេងមកក្រោមថា​​​”សួស្ដីអ្នកនៅខាងក្រោម” ស្រ្ដីនេះមិនឆ្លើយក៏ចេះតែអធិស្ឋានតទៅទៀត​​​បុរស​​​នេះក៏បន្លឺសម្លេងម្ដងទៀតខ្លាំងជាងមុន “សួស្ដីអ្នកនៅខាងក្រោម” ស្រ្ដីនេះនៅតែមិនឆ្លើយក៏ចេះតែ​​​អធិស្ឋានតទៅទៀត។

ទីបំផុតបុរសនោះក៏តម្លើងសម្លេងខ្លាំងជាងមុនថា ”សួស្ដីអ្នកនៅខាងក្រោម ខ្ញុំជាព្រះយេស៊ូវ” ស្រ្ដីនេះអត់មិនបានក៏ឆ្លើយទៅគាត់វិញថា ”សូមឲ្យស្ងាត់បន្តិចទៅមើល ខ្ញុំកំពុងតែនិយាយជាមួយនឹងម្ដាយអ្នកឯង”។

ដោយ ម៉ានិកឹម រ៉ាដា

ស្រឡាញ់?/Love

December 20, 2009

មានបុរសម្នាក់គាត់ទូលសួរទៅព្រះថា ”ព្រះអង្គអើយ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រីមក ឲ្យមាន​​​រូបស្រស់ស្អាតមេ្ល៉ះ?” ព្រះអង្គឆ្លើយទៅគាត់វិញថា ”ដើម្បីឲ្យឯងស្រឡាញ់នាង”។

បុរសនោះក៏សួរទៀតថា ”ព្រះអង្គអើយ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រីមក ឲ្យមានសាច់ទន់ល្មើយ​​​មេ្ល៉ះ?” ព្រះអង្គក៏ឆ្លើយទៅគាត់វិញថា ”ដើម្បីឲ្យឯងស្រឡាញ់នាង”។

បុរសនោះក៏សួរទៀតថា ”ព្រះអង្គអើយ ហេតុអ្វីបានជាព្រះអង្គបង្កើតមនុស្សស្រីមក ឲ្យមានភាពល្ងង់​​​មេ្ល៉ះ?” ព្រះអង្គក៏ឆ្លើយទៅគាត់វិញថា ”ដើម្បីឲ្យនាងស្រឡាញ់ឯង”។

ដោយ ម៉ានិកឹម រ៉ាដា

មានក្រូចឆ្មារឬទេ?/you have orange cat?

December 20, 2009

មានលោកយាយម្នាក់ទៅផ្សារ គាត់ត្រូវការក្រូចឆ្មារតែគាត់រកមិនឃើញ ហើយគាត់ថែមទាំងមិនចេះភាសា​​​អង់គ្លេសថែមទៀត​​​។ គាត់ក៏នឹកឃើញពាក្យខ្លះដែលគាត់ចេះ ក្រូចorangeឆ្មារcat​​​ គាត់ក៏ផ្គុំពាក្យទាំងពីរ​​​ចូល​​​​​គ្នា ក្រូចឆ្មាorange cat​​​។

គាត់ក៏សួរទៅអ្នករៀបបន្លែថា do you have orange cat? អ្នករៀបបន្លែស្ដាប់មិនបាន ក៏ចេះតែឆ្លើយជាមួយ​​​គាត់ថា No។​​​​​គាត់សួរពីរទៅបីដងហើយគេចេះតែឆ្លើយថា​​ No គាត់ក៏ខឹងនឹងគេ​​​ហើយដើររកក្រូចឆ្មារ​​​ដោយ​​​ខ្លួនឯង នៅពេលដែលគាត់រកឃើញក្រូចឆ្មារ គាត់ក៏ដើរទៅទាញដៃអ្នករៀបបន្លែឲ្យទៅមើល​​​។​​​គាត់ក៏​​​ចង្អុល​​​​ទៅក្រូចឆ្មារ ហើយប្រាប់ទៅអ្នករៀបបន្លែនោះទាំងខឹងថា​​​ you have orange cat and you say no no no​​​។ អ្នករៀបបន្លែនោះមីងមាំង ពីព្រោះមិនយល់ជាយាយនិយាយពីអ្វី។

ដោយ ម៉ានិកឹម រ៉ាដា

វា​មិន​អាច​ទេ!

December 19, 2009

មាន​បុរស​ម្នាក់​ឈ្មោះ​ វិចិត្រ ដែល​គាត់​តែង​តែ​ទៅ​ធ្វើ​ការ​យឺត​ជា​រៀង​រាល់​ព្រឹក ហើយ​ចៅ​ហ្វាយ​របស់​គាត់​ជា​មនុស្ស​ដែល​ពូកែរ​ចាប់​គាត់​មែន​ទែន! ថ្ងៃ​មួយ​គាត់​បាន​ទៅ​ធ្វើ​ការ​យឺត​ដូច​សព្វ​មួយ​ដង ហើយ​ចៅ​ហ្វាយ​របស់​កាត់កំពុង​តែ​ឈរ​នៅ​នឹង​មាត់​ទ្វារ​ដើម្បី​ស្វាគមន៍​ចំពោះ​ការ​មក​យឺត​របស់​គាត់

ចៅ​ហ្វាយៈ មើល​ថ្ងៃ​នេះ​ឯង​មាន​អ្វី​ដែល​ត្រូវ​ដោះ​សារ​ទេ?

វិចិត្រៈ អូ​សូម​ទោស​លោក​ចៅ​ហ្វាយ​ ខ្ញុំ​មិន​ចង់​ដោះ​សារ​អី​ទេ ក៏​ប៉ុន្តែ ខ្ញុំ​បាន​ព្យាយាម​អស់​ពី​ចិត្ត​ហើយ។

ចៅ​ហ្វាយៈ ឯង​ថា​ព្យាយាម​ហ្នឹង​ពី​អង្កាល់? មើល​ប្រាប់​ខ្ញុំ​ពី​ហេតុ​ផល​សម​រម្យ​ដើម្បី​អោយ​ខ្ញុំ​ជឿ​មក…

វិចិត្រៈ បាទ​លោក រឿង​រ៉ាវ​វា​បែប​នេះ តាមពិត​ទៅ​ខ្ញុំ​ត្រូវ​មក​ធ្វើ​ការ​ទាន់​ម៉ោង​ហើយ តែ​ខ្ញុំ​ត្រូវ​រង់​ចាំ​ប្រពន្ធ​របស់​ខ្ញុំ​រៀប​ចំ​ខ្លួន១០នាទី បន្ទាប់​មក គាត់​ក៏​សុំ​ខ្ញុំ​បើក​ឡាន តែ​ផ្លូវ​ហ្នឹង​វា​ស្ទះនៅ​ត្រង់​ម្ដុំ​ស្ពាន ខ្ញុំ​ខ្លាច​យឺត​ក៏​បើក​ទ្វារ​លោត​ចេញ​ពី​ឡាន ហើយ​ទំលាក់​ខ្លួន​ចុះ​ពី​ស្ពាន​ទៅ​ក្នុង​ទឹក ហើយ​ខំ​ហែល​មក​ដល់​ច្រាំង តែ​ខ្ញុំ​ខំ​ហែល​ពេក​ក៏​អស់​កម្លាំង ពេល​នោះ​មាន​កន្ទុំ​រុយ​ហើរ​មក​យក​ខ្ញុំ​ទៅ ហើយ​ដាក់​នៅ​លើ​អាគារ​ការិយាល័យ បន្ទាប់​មក​ខ្ញុំ​ខំចុះ​តាម​ជណ្ដើរ​ពី​ជាន់​ទី​៤០ មក​ដល់​ជាន់​ទី៥ ពេល​មក​ដល់​ខ្ញុំ​ក៏​ជួប​លោក​តែ​ម្ដង…

ចៅ​ហ្វាយៈ វា​មិន​ដែល

វិចិត្រៈ នេះ​ខ្ញុំ​និយាយ​ជា​ការ​ពិត

ចៅ​ហ្វាយៈ ខ្ញុំ​មិន​ជឿ​ឯង​ទេ មិន​ដែល​ស្រីៗ​ឯ​ណា​រៀប​ចំ​ខ្លួន​១០​នាទី​ហើយ​នោះ!

ជំនឿ

December 17, 2009

មាន​បុរស​៣នាក់​ដែល​មួយ​ជា​ព្យាការី មួយ​ទៀត​ជា​គ្រូ​គង្វាល និង​ម្នាក់​ទៀត​ជាអ្នក​ផ្សាយ​ដំណឹងល្អ។ ថ្ងៃ​មួយ​អ្នក​ទាំង៣​សម្រេច​ចិត្ត​ក្នុង​ការ​ចេញ​ទៅ​ស្ទូច​ត្រី!​ សម្រេច​ចិត្ត​រួច​ហើយពួក​គាត់​ក៏បាន​ចេញ​ដំណើរ​ទៅ។​

ពួកគាត់​ចុះ​ទៅ​ក្នុង​ទូក​តូច​មួយ​ហើយ​ក៏​ចែវ​ទៅ​កាន់​កណ្ដាល​បឹង ហើយ​ក៏​ចាប់​ផ្ដើម​ដាក់​សន្ទូច​ស្ទូច​ត្រី។ បាន​មួយ​សន្ទុះ ដោយ​សារ​តែ​ថ្ងៃ​ក្ដៅ​ផង ស្រាប់​តែ​បុរស​ម្នាក់​ដែល​ជា​ព្យាការី​ក៏​និយាយ​ឡើង​ថា ខ្ញុំ​ចង់​ទៅ​ទិញ​ប៉ឹប​ស៊ី និយាយ​រួច​ហើយ​គាត់​ក៏​ដាក់​ជើងគាត់​ចេញ​ក្រៅ​ទូក​ហើយ​ក៏​ដើរ​លើ​ទឹក​ទៅ​ច្រាំង ដល់​កន្លែង​លក់​ភេសជ្ជះ ទិញ​ហើយ​ក៏​ដើរ​លើ​ទឹក​ត្រឡប់​មក​វិញ។ អ្នក​ផ្សាយ​ដំណឹង​ល្អ​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​គិត​ក្នុង​ចិត្ត​ថា ដោយ​គាត់​ជា​ព្យាការី គាត់​ពិត​ជា​មាន​ជំនឿ​ខ្លាំង​មែន​ដែល​អាច​ដើរ​លើទឹក​បាន។ បន្តិច​ក្រោយ​មក​គ្រូ​គង្វាល​ក៏​និយាយឡើង​ថា ខ្ញុំ​ចង់​ទិញ​កូកា! និយាយ​រួច​ហើយ​គាត់​ចុះ​ពី​ទូក​ហើយ​ដើរ​លើ​ទឹក​ទៅ​ទិញ​កូកា។ ទិញ​រួច​ហើយ​គាត់​ក៏​ដើរ​មក​ទូក​វិញ នោះ​រឹត​តែ​ធ្វើ​អោយ​អ្នក​ផ្សាយ​ដំណឹង​ល្អ​កាន់​តែ រំភើប​ និង​មាន​ការ​អស្ចារ្យ និង​ស្ងើច​សរសើរ​ទៅ​ដល់​ជំនឿ​របស់​គ្រូគង្វាល និង​ព្យាការី​ដែល​អាច​ដើរ​លើ​ទឹក​បាន។ គិត​ហើយ​គាត់​ក៏ចង់​សាក​ល្បង​នូវ​ជំនឿ​របស់​គាត់​ក្នុង​ការ​ដើរ​លើ​ទឹក​គាត់​ក៏​សម្រេចចិត្ត​ថា នឹង​ចុះ​ពី​ទូក​ដើរ​លើ​ទឹក​ដើម្បី​ទិញ​ភេសជ្ជះ​ដែរ។ គាត់​ក៏​ឈាន​ជើង​ចុះ​ពី​ទូក​ហើយ​ក៏​ដាក់​ជើង​លើ​ទឹក គ្រាន់​តែដាក់​ចុះ​ភ្លាម​ក៏​ “ភ្លុង” លិច​ទៅ ក្នុង​ទឹក​បាត់។

គ្រូគង្វាល​ និង​ព្យាការី​ក៏​និយាយគ្នា​ថា “តើ​យើង​គួរ​តែ​ប្រាប់​គាត់​ថា​ដុំ​ថ្ម​នៅ​កន្លែង​ណា​ទេ?”

ខានទឹកគ្រឿងយូរ

December 15, 2009

By  Amra

គិតទៅក្រពះខ្ញុំមិនខុសពីក្រពះគោទើបនឹងស៊ីស្មៅខ្ចីឡើយ ។​  អាណិតប្រពន្ធដែរ​​   គ្នារវល់ណាស់​ ​ចេញពីធ្វើការឆ្លៀត ទៅរៀនពេលល្ងាចទៀត។​​  ប្រពន្ធខំទិញបន្លែបន្លុក ដាំបាយ ធ្វើទឹកគ្រឿង រួចស្រែកប្រាប់ថា “បងម្ហូបរួហើយ​​ ​ ឆ្ងាញ់ឬមិនឆ្ងាញ់ប្រាប់ផង​ ពេលខ្ញុំមកពីរៀនវិញ “។​  ងាប់លឿនដូចព្យុះ​ គេឆក់កូនសោរបើកឡានប្រុយ​ទៅរៀនបាត់។

គិតអីទៀត ឆ្លិនឆ្ងុយយ៉ាងនេះ  ប្រហែលជាដាក់ប្រហុកបន្តិចផង។   ខ្ញុំក៏ហៅកូនមក ញ៉ាំជាមួយដែរ តែគេថា ឆ្អែតបាយពី​សាលាហើយ ហើយបែរជាលេងកុំព្យូទ័រជាជាង​ញ៉ាំបាយទៅវិញ។​​  ហឺណាស់ហើយ ញ៉ាំម្នាក់ឯងទៅ។​  អធិស្ឋាន ផុតពីមាត់ភ្លាម ខ្ញុំពួយយ៉ាងអស់ដៃតែម្ដង។​​  ”យ៉ី គ្រាន់បើ ញ៉ាំឆ្អែតមិនទាន់ខ្ញុំបើក TV មើលទៀត អីក៏រវល់ម្ល៉េះ”, ខ្ញុំនិយាយក្នុងចិត្ត។​ ​

មិនយ៉ូប៉ុន្មាន ពោះខ្ញុំអោយសម្លេង  “ក្រូក​ “  ហើយ៥នាទីក្រោយមក ខ្ញុំរត់ទៅបង្គន់ភ្លាម។

ឱក្រពះអើយ នេះបានចំជាបាយឆ្ងាញ់បាញ់ឆ្ងាយមែន   ពេលប្រពន្ធមកវិញ គេសួរ តើអោយខ្ញុំឆ្លើយយ៉ាងណា?​​  មិត្តអើយសូមជួយប្រាប់ផង!

A Newly wed ប្តីប្រពន្ទទើបនិងរៀបការថ្មីៗមួយគូរ

December 15, 2009

ប្តីប្រពន្ទទើបនិងរៀបការថ្មីៗមួយគូរ   ​និយាយគ្នាពេលផ្សំដំណេក

ប្តី : តើអូនធ្លាប់មានសង្សារទេ មុនពេលអូនរៀបការជាមួយបង?

ប្រពន្ធ : នៅស្ងៀម

ប្តី : តើអូនធ្លាប់មានសង្សារទេ មុនពេលអូនរៀបការជាមួយបង?

ប្រពន្ធ : នៅស្ងៀម

ប្តី : តើអូនធ្លាប់មានសង្សារទេ មុនពេលអូនរៀបការជាមួយបង? ហេតុអ្វីអូនមិនឆ្លើយ?

ប្រពន្ធ : ហ៊ីយ អូនឡប់អស់ហើយបើបងឯងចេះតែសួរអញ្ចឹង អូនកុំពុងតែរាប់

(A friend sent this story to us)

កំពូលមាន់គក Supper Rooster

December 15, 2009

by Pisit

តាប៉ែន ធ្វើដំណើរទៅរកទិញមាន់គកមួយក្បាល ត្បិតអីគាត់មានចិញ្ចឹមមាន់មេរាប់រយក្បាល ដែលមិនមានមាន់គកជាន់ ដើម្បីបង្កើតកូនឲ្យបានច្រើនបម្រើសេចក្ដីត្រូវការលក់ដូររបស់គាត់។ ខណះពេលទៅដល់កន្លែងលក់មាន់…

តាប៉ែនៈ ខ្ញុំចង់ទិញមាន់គកមួយ តែចង់បានអាណាពូកែជាន់មេ ព្រោះខ្ញុំមានមេមាន់ជាច្រើនរយក្បាល

អ្នកលក់មាន់ៈ ចំម៉ាច់ អត់ខុសទេល្បង…! អាគកមួយក្បាលនេះ ខ្លាំងអស្ចារ្យតែម្ដង វាជាន់មេប៉ុន្មានក៏បាន…ប៉ុន្តែវាគ្រាន់តែមានតម្លៃថ្លៃបន្តិច។

ឮបែបនេះចំសេចក្ដីត្រូវការរបស់តាប៉ែនតែម្ដង

តាប៉ែនៈ ចុះ…វាមានតម្លៃប៉ុន្មានទៅ…?

អ្នកលក់មាន់ៈ ១៥ ម៉ឺនរៀល

អីក៏ថ្លៃម្លេះ ដល់ទៅ ១៥ម៉ឺនរៀល (តាប៉ែននឹកក្នុងចិត្ត)។ ប៉ុន្តែវាបែបនេះក៏ដោយគាត់នៅតែសម្រេចចិត្តទិញវាទាំងស្ទាក់ស្ទើរ។ យកមកដល់ផ្ទះភ្លាម តាប៉ែនព្រលែងវាចូលទ្រុងមេមាន់ ហើយគាត់និយាយថា

តាប៉ែនៈ នែអាគក…! តាមសម្រួលវ៉ើយ មួយៗកុំបង្ខំ ប្រយត្ន័បាក់កម្លាំងងាប់ខានចាស់…

អាគកដូចជាយល់នូវអ្វីដែលតាប៉ែននិយាយ។ ប៉ុន្តែវាមិនខ្វល់ដែរ គ្រាន់តែព្រលែងភ្លាម អាំគកចាប់ផ្ដើមដេញចាប់ជាន់មេផ្អើលពេញទ្រុងដូចខ្លាអត់ចំណី១ខែអញ្ចឹង។ មេមាន់១ក្បាលវាជាន់បីដងយ៉ាងតិច។ ជាន់មេមាន់អស់ហើយ វាចាប់ផ្ដើមជាន់មេទាមួយទ្រុងទៀត។ អស់ពីទា វាជាន់ដល់ក្ងានហាក់ដូចជាមិនអស់ចិត្ត វាដេញជាន់ក្ងោកមួយក្បាល រហូតដល់ព្រាបទៀត។ ព្រឹកឡើង តាប៉ែនគិតមិនខុសមែន អាគកដេកស្ដូកកណ្ដាលវាស្រែមុខផ្ទះ ហើយមានត្មាតមួយហ្វូង ហើឆ្វែល ចង់ចុះមកស៊ីសាច់អាគក។ ឃើញដូចនេះតាប៉ែនក៏ដើរទៅក្បែរ ហើយនិយាយថាៈ

តាប៉ែនៈ អញប្រាប់ហើយមិនជឿ ថាឲ្យចេះប្រមាណកម្លាំងខ្លួនឯង ជាន់នេះជាន់ ឥឡូវងាប់បាត់ ខាតអស់ទាំងលុយអញជាង១០ម៉ឺនទៀត ទើបតែបាន១យប់សោះ។

រំពេចនោះ ស្រាប់តែអាគកបើកភ្នែកក្រឡង់ស្ដីមកតាប៉ែនវិញ។

អាគកៈ មាត់តិចៗ ប្រយត្ន័ផ្អើលពួកត្មាតកំពុងហើរឆ្វែលខាងលើ ទុកឲ្យវាមកចុះ ខ្ញុំចង់សាកត្មាតម្ដង…

តាប៉ែនៈ …….???

រៀនពាក្យៈ

  • អាគក Rooster
  • ជាន់មេ mating
  • ស្ទាក់ស្ទើរ hesitate
  • ព្រលែង let go
  • ទ្រុងមេមាន់ chicken house
  • តាមសម្រួល take it easy
  • បាក់កម្លាំង strength less
  • មិនខ្វល់ does not care
  • មេទា duck
  • ក្ងាន swan
  • មិនអស់ចិត្ត not satisfy
  • ក្ងោក peacock
  • ព្រាប pigeon
  • ដេកស្ដូក lay down flat
  • វាលស្រែ rice field
  • ត្មាត vulture
  • ហើរឆ្វែល flying round and round
  • សាក taste