អ្នកស្មោះត្រង់?/Righteous one
មានអ្នកសេដ្ឋីម្នាក់គាត់មានប្រាក់យ៉ាងច្រើន ហើយគាត់ចង់យកលុយខ្លះទៅជាមួយនៅពេលដែលគាត់ស្លាប់ ប៉ុន្តែគាត់មិនអាចទុកចិត្តដល់កូនៗរបស់គាត់បានទេ។ ដូច្នេះ គាត់ក៏ហៅអ្នកបម្រើព្រះបីនាក់មកជួបជាមួយម្នាក់ជាសង្ឃកាតូលិក ម្នាក់ជាអាចារ្យខាងសាសនាយូដា ហើយម្នាក់ទៀតជាគ្រូគង្វាលខាងបាពទីស្ទ។
នៅពេលដែលអ្នកទាំងបីនេះមកជួបគាត់ គាត់ក៏បានពន្យល់ថា នៅពេលដែលខ្ញុំស្លាប់ទៅ ខ្ញុំចង់ឲ្យលោកទាំងបីដាក់លុយដែលខ្ញុំប្រគល់ឲ្យទាំងប៉ុន្មាន ទៅក្នុងមឈូសរបស់ខ្ញុំ ដោយព្រោះខ្ញុំមិនអាចទុកចិត្តនឹងកូនរបស់ខ្ញុំទាំងនោះទេ។ អ្នកទាំងបីអ្នកនេះបានយល់ព្រមថា គេនឹងធ្វើតាមបណ្ដាំរបស់អ្នកមាននេះ គេនឹងដាក់លុយគ្រប់ចំនួនទៅក្នុងមឈូសរបស់អ្នកមាននេះ អ្នកមាននោះក៏ប្រគល់ឲ្យគេម្នាក់ចំនួន១លានសម្រាប់ដាក់ក្នុងមឈូសគាត់។
ក្រោយមកអ្នកមាននេះក៏ស្លាប់ទៅ នៅថ្ងៃដែលបញ្ចុះសពគាត់ គេឃើញអ្នកបម្រើព្រះទាំងបីនាក់នេះ ដាក់ស្រោមសំបុត្រមួយម្នាក់ទៅក្នុងមឈូសរបស់អ្នកមាននោះ។
បន្ទាប់ពីការបញ្ចុះសពរួច គេក៏នាំគ្នាទៅទទួលភេសជ្ជនៅផ្ទះរបស់អ្នកមាននោះ អ្នកបម្រើព្រះទាំងបីនាក់នោះជំុគ្នា ហើយលោកសង្ឃកាតូលិកក៏និយាយថា ”ខ្ញុំមានការលន់តួមួយជាមួយអ្នកទាំងពីរ បច្ចុប្បន្ននេះ វិហារយើងកំពុងមានការខ្វះខាត ហើយដំបូលព្រះវិហារក៏ត្រូវការជួសជុល ដូច្នេះខ្ញុំដកលុយខ្លះដើម្បីជួស ជុលដំបូលព្រះវិហារ ហេតុនេះខ្ញុំដាក់លុយទៅក្នុងមឈូសបានតែ$៩០០,០០០”។
លោកដែលជាអាចារ្យខាងសាសនាយូដាក៏និយាយថា ”ខ្ញុំក៏មានការលន់តួដែរ ព្រះវិហារយើងក៏មានការខ្វះខាត ហើយឥឡូវនេះម៉ាសីុនកំដៅយើងក៏ត្រូវខូច រួចមានសេចក្ដីត្រូវការជាច្រើនទៀតដែរ ហេតុនេះខ្ញុំដាក់លុយទៅក្នុងមឈូសបានតែ$៩៥០,០០០”។
លោកគ្រូគង្វាលខាងបាពទីស្ទ គាត់ខឹងជាខ្លាំងក៏ទះតុផាំង រួចនិយាយទៅអ្នកទាំងពីរនោះថា ”អ្នកឯងទាំងពីរនាក់ជាអ្នកបម្រើព្រះដែលគេទុកចិត្ត គេជឿថាអ្នកឯងនឹងធ្វើតាមបណ្ដាំគេ តែបែរជាធ្វើយ៉ាងនេះទៅវិញមើលខ្ញុំមានសេចក្ដីត្រូវការជាច្រើនដូចអ្នកឯងទាំងពីរនាក់ដែរ ប៉ុន្ដែខ្ញុំមិនធ្វើរបៀបនេះទេ ខ្ញុំបានសរសេរសែកcheckមួយគ្រប់ចំនួន$១,០០០,០០០ ហើយដាក់ទៅក្នុងមឈូសនោះមិនឲ្យខ្វះឡើយ។
ដោយ ម៉ានិកឹម រ៉ាដា
ហា ហា ខ្ញុំចូលចិត្តអ្នកទីបី
រឿងនេះធ្វើអោយ មានការគិតវែងឆ្ងាយ សំរាប់យើងដែលមានព្រះជាម្ចាស់ជិវិតហើយ តើយើងនឹងត្រូវសំដែងបែបណា បើយើងជាកូនព្រះ!